មានវិធីសាមញ្ញ ជាច្រើនដែល អាចអោយយើង ព្យាបាលបាន ដោយខ្លួនឯង នូវជម្ងឺផ្តាសាយ ដែលជាជម្ងឺ ងាយកើតឡើង ដោយវីរុស។ មនុស្សមួយ ចំនួនកើត ជម្ងឺផ្តាសាយ ២ ទៅ ៤ ដងក្នុង មួយឆ្នាំ ចំណែកក្មេងៗ វិញគឺ អាចកើត បានរហូតដល់ ៤ ទៅ ៦ ដងក្នុងមួយឆ្នាំ។ ដើម្បីកាត់ បន្ថយការ ទៅរកគ្រូពេទ្យ ដោយសារ ជម្ងឺនេះ ខាងក្រោមនេះ គឺជាវិធីងាយៗ ក្នុងការព្យាបាល ជម្ងឺផ្តាសាយ បានដោយខ្លួនឯង៖
១. ទទួលទាន សារជាតិទឹក អោយបានច្រើន
វិធីព្យាបាល ដំបូងពី ជំងឺផ្តាសាយ គឺព្យាយាម ទទួលទាន ទឹក ឲ្យបានច្រើន ដូចជា ទឹកធម្មតា ផ្លែឈើ ភេសជ្ជៈ តែ ជាដើម។ ព្រោះសារជាតិ ទឹកការពារ «ការស្ងួត »បំពង់ក និងច្រមុះរបស់យើង។ ហើយវាក៏ អាចជួយ ការពារការ ខ្វះជាតិទឹក នៅពេលយើង គ្រុនក្តៅផងដែរ។ លើសពីនេះទៀតជាតិទឹក នៃរាងកាយ រួមចំណែកដល់ការបញ្ចេញ ជាតិពុល ផលិតពីកោសិកាងាប់ ហើយវាមានសមត្ថភាពក្នុងការប្រយុទ្ធ ប្រឆាំងនឹងមេរោគផ្តាសាយ។

២. ជៀសវាង ការទទួលទាន កាហ្វេ និងគ្រឿងស្រវឹង
ការទទួលទាន ភេសជ្ជៈ ដែលមានជាតិ កាហ្វេអ៊ីន និងគ្រឿងស្រវឹង ធ្វើអោយរាងកាយ របស់យើង ខ្សោះជាតិទឹក ហើយនេះមិនមែនជាអ្វីដែល យើងចង់បានទេ នៅពេលដែល យើងមានជំងឺផ្តាសាយ។
៣. ងូតទឹកក្តៅ និងស្ពង់
ការងូតទឹកក្តៅ និងស្ពង់គឺជា ការព្យាបាល ដ៏សាមញ្ញបំផុត សម្រាប់ជម្ងឺផ្តាសាយ។ គេជឿថា ចំហាយក្តៅ អាចជួយសម្រួល ដល់ការកក ស្ទះរន្ធច្រមុះ ហើយវីរុសនេះក៏ងាយ នឹងងាប់នៅក្នុង សីតុណ្ហភាពខ្ពស់ផងដែរ ដូច្នេះការស្ពង់ ពិតជាអាច «សម្លាប់» មេរោគ តាមរយៈចំហាយក្តៅ ដែលបាន ស្រូបតាមរន្ធច្រមុះ។
៤. ស៊ុបក្តៅ
គុណសម្បត្តិ នៃការព្យាបាល បែបប្រពៃណី នេះបានមក ពីចំហាយនៃ ស៊ុបក្តៅ និងទឹករម្ងាស់ នៃជាតិសាច់ ដែលជួយរក្សា សំណើមនៃរាងកាយ។ នេះបង្ហាញថា ទឹករម្ងាស់ គ្រប់ប្រភេទ សុទ្ធតែមាន ប្រយោជន៍ដូចគ្នា។ ការស្រាវជ្រាវ ក៏បានបង្ហាញថា គ្រឿងផ្សំ នៃស៊ុបមាន់ពិតជាអាចកាត់បន្ថយការហើម រលាក នៃរន្ធច្រមុះ និងជួយព្យាបាល ជម្ងឺផ្តាសាយ អោយបានលឿន ជាងមុន។ ស៊ុបមាន់ផ្តល់ ប្រូតេអ៊ីន ពីសាច់មាន់ ដែលមានសារ ធាតុចាំបាច់ សម្រាប់រាងកាយរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ។
៥. ប្រើម៉ាស៊ីនផ្សើម
ឧបករណ៍ ទាំងនេះគឺជា វិធីសាស្រ្តដ៏ល្អ ដើម្បីបន្ថែមខ្យល់សើម។ វាអាចជួយ ក្នុងការ រក្សារន្ធច្រមុះ កុំអោយកកស្ទះ។ នៅពេលប្រើ ម៉ាស៊ីនផ្សើម ត្រូវប្រាកដថា អ្នកបានសម្អាតវាទៀងទាត់ ដើម្បីជៀសវាង ការដុះផ្សិត នៅក្នុងម៉ាស៊ីន។
៦. សម្រាក
កត្តាដ៏សំខាន់បំផុត ក្នុងការព្យាបាលជំងឺ ផ្តាសាយ គឺការគេង និងការសម្រាក ជាទូទៅ សម្រាប់រាងកាយ។ អ្នកត្រូវសម្រាក ឲ្យបានច្រើនដើម្បីឲ្យរាងកាយ របស់អ្នកមានលទ្ធភាព ទប់ទល់នឹងមេរោគផ្តាសាយ បានល្អប្រសើរជាងមុន លឿនជាងមុន និងមានប្រសិទ្ធិភាពជាងមុន។ ប្រសិនបើ អ្នកមានគ្រុនក្តៅ អ្នកគួរសម្រាក នៅក្នុងផ្ទះ បិទទូរស័ព្ទ និងព្យាយាមគេង។ អ្នកជំនាញ បានផ្តល់ដំបូន្មានថា អ្នកគួរស្នាក់នៅក្នុងផ្ទះដែលមាន សីតុណ្ហាភាព សមស្របមួយ នៅពេល អ្នកមានជម្ងឺផ្តាសាយ គឺនៅក្នុងផ្ទះ ដែលមាន សីតុណ្ហភាព ជាមធ្យមអាចជា 24-25 អង្សាសេ (75.2 អង្សាអេហ្វ) ។
៧. លាងសម្អាតមាត់ របស់អ្នកជាមួយ នឹងទឹកអំបិល
វាអាចស្តាប់ ទៅដូចជា ដំបូន្មាន ពីជីដូន របស់អ្នក ប៉ុន្តែការអនុវត្តន៍ បានបង្ហាញថា ការលាងមាត់ របស់អ្នកជាមួយនឹង ទឹកអំបិល គឺពិតជា អាចព្យាបាល អោយអ្នកបាត់ ឈឺបំពង់ក។ ដាក់អំបិល កន្លះស្លាបព្រា ចូលទៅក្នុង ទឹកក្តៅឧណៗ មួយកែវ ហើយខ្ពុលមាត់ ពីបួនទៅ ប្រាំដង នឹងធ្វើអោយអ្នកកាត់ បន្ថយការឈឺក។
៨. កុំជក់បារី
បើទោះជា មានមូលហេតុ ជាច្រើនដែល គួរតែអោយ អ្នកបញ្ឈប់ការជក់បារី ប៉ុន្តែការជក់បារី នៅពេលដែល អ្នកមានជំងឺ ផ្តាសាយ រឹតតែមានគុណ វិបត្តិបន្ថែមទៀត។ ការជក់បារី អាចធ្វើអោយ រោគសញ្ញា នៃជម្ងឺផ្តាសាយកាន់ តែធ្ងន់ធ្ងរឡើង។
៩. ពិនិត្យ របបអាហារ របស់អ្នក
បើទោះជា របបអាហារ មិនអាចជួយ ព្យាបាលអ្នក អោយជា ពីជំងឺផ្តាសាយ ប៉ុន្តែការញ៉ាំ ផ្លែឈើ និងបន្លែ ដែលមានជាតិ វីតាមីន C អាចជួយអ្នកឲ្យអ្នក យកឈ្នះជំងឺផ្តាសាយ លឿនជាងមុន។ វីតាមីន C ជួយពង្រឹង ការការពាររាងកាយពីជំងឺ និងមេរោគ ហើយជួយឲ្យគោលិកា ឈាមសធ្វើ ដំណើរការតួនាទី បានល្អប្រសើរ ដើម្បីប្រឆាំងនឹងមេរោគ។ ម្ហូបអាហារ ផ្សេងទៀត ដែលអាចជួយឲ្យអ្នកឆាប់ជាសះស្បើយ ពីផ្តាសាយមាន ខ្ទឹមស ទឹកឃ្មុំ ជីអង្កាម ក្រូចឆ្មារ ក្រូចថ្លុង ផ្កាខាត់ណា និងអាហារ ដែលមានជាតិស័ង្កសី។
១០. កុំធ្វើលំហាត់ប្រាណ
ជៀសវាងការ ធ្វើលំហាត់ប្រាណ និងការធ្វើសកម្មភាពធ្ងន់ៗ ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ដើម្បីទុកឱកាស អោយរាយកាយ របស់អ្នកអាចប្រយុទ្ធ ប្រឆាំងនឹង មេរោគបាន៕

ប្រភពៈ បរទេស
ដោយៈ Arex
ខ្មែរឡូត







0 comments:
Post a Comment