ភ្នំពេញ៖ យោងតាមប្រភព ព័ត៌មានពី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ វីរៈនារី ស៊ន សៀវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី១៧ នៅសាធារណៈរដ្ឋកូរ៉េ បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ World Taekwodo Championships 2015 នៅប្រទេសរុស្ស៊ី ដែលចាប់ផ្ដើម ពីថ្ងៃទី១២-១៨ ខែឧសភា ខាងមុខ ។
បន្ទាប់ពីមិនមានសិទ្ធ ចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី កីឡាការិនីតេក្វាន់ដូ ដ៏ឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី បានខិតខំប្រឹងប្រែង ហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមខ្លួន ចូលរួមប្រកួត កីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល នាឆ្នាំ២០១៦ ។ ប៉ុន្ដែដើម្បីជាការ វាស់សមត្ថភាព និងដកស្រង់បទពិសោធន៍ ជាមួយកីឡាការិនី តេក្វាន់ដូប្រទេសផ្សេងៗ លោក ឆយ យ៉ុងសុក ក៏បានដឹកនាំ វីរៈនារី ស៊ន សៀវម៉ី ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ World Taekwodo Championships 2015 នៅរុស្ស៊ីតែម្ដង ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដ៏ធំមួយនេះ គឺមានកីឡាការិនី តេក្វាន់ដូ ឆ្នើមៗជុំវិញពិភពលោក ជាច្រើនមកចូលរួម ហើយវាក៏ជាឱកាស ដែលកីឡាករិនី ស៊ន សៀវម៉ី របស់កម្ពុជា ត្រូវធ្វើការប្រកួត ដើម្បីដកស្រង់ បទពិសោធន៍ មុននឹងចេញ ទៅប្រកួតកីឡា អូឡាំពិក ឆ្នាំ២០១៦ដែរ ។
លោក ជាតិ ខេមរា មន្ដ្រីសហព័ន្ធកីឡា តេក្វាន់ដូកម្ពុជា បានថ្លែងឲ្យដឹងដែរថា ពិតណាស់ពេលនេះ កីឡាករិនី ស៊ន សៀវម៉ី កំពុងស្ថិតនៅ ប្រទេសរុស្ស៊ី ដែលកញ្ញាត្រូវ ចូលរួមប្រកួតកីឡា តេក្វាន់ដូ ជ្រើសរើសជើងឯក ពិភពលោក ក្រោមការដឹកនាំ របស់លោក ឆយ យ៉ុងសុខ ជាគ្រូបង្វឹកកីឡា តេក្វាន់ដូ ជម្រើសជាតិកម្ពុជា ។ ចំពោះការចូលរួមលើកនេះ លោកសង្ឃឹមថា សៀវម៉ី នឹងទទួលបាន បទពិសោធន៍ល្អៗ ជាច្រើន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួនឲ្យ កាន់តែល្អប្រសើរ មួយកម្រិតទៀត ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល







0 comments:
Post a Comment